ភ្នំពេញ៖កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានស្រាវជ្រាវបង្រ្កាបផលិតផលសាច់បង្កកគ្មានសុវត្ថិភាពផ្នែកចំណីអាហារបង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ ដែលនាំចូលពីប្រទេសជិតខាងខុសច្បាប់ខណៈដែលឈ្មួញដឹកតាមរថយន្តម៉ាកស្តារិក០១គ្រឿង យកមកបោះលក់ចែកចាយឱ្យអាជីវករលក់សាច់គោនៅក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រាប់ឱ្យដឹងថា៖សាច់បង្កកទាំងនោះសរុប២២០០គីឡូក្រាមរួមមានៈសាច់គោ សាច់ក្របី និងសាច់ឆ្អឹងជំនីរ។សាច់បង្កទាំងនេះមន្រ្តីជំនាញពិនិត្យគឺការនាំចូលគ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាស់និងមិនអនុលោមតាមលក្ខខណ្ឌ តម្រូវម្ហូបអាហារ។